khenpheakdey@gmail.com

ឲ្យ​កូន​បៅ​ដោះម្ដាយ​ផង ​​និង ​បៅទឹក​ដោះ​គោ​ផង ​តើ​ជា​រឿង​ត្រឹម​ត្រូវ​ដែរ​ទេ?

  • 2017-05-04 03:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ម្ដាយ​មួយ​ចំនួន​យល់​ថា​ការ​បន្ថែម​ទឹក​ដោះ​គោ​ឲ្យ​ទារក​ពី​លើ​ទឹក​ដោះ​ម្ដាយ​គឺ​ជា​រឿង​ល្អ​ដើម្បី​ជំរុញ​សុខភាព​កូន​ ប៉ុន្តែ​ តើ​នេះ​ជា​រឿង​ត្រឹម​ត្រូវ​ដែរ​ទេ?

ឆ្លើយ​ទៅ​នឹង​សំនួរ​នេះ​ លោក​ហ៊ូ​ ក្រើន​ ជា​វាគ្មិន​ម្នាក់​ក្នុង​កម្មវិធី​វេទិកា​ពិភាក្សា​ស្ដី​ពី​ «ការ​លើក​កម្ពស់​ការ​ចិញ្ចឹម​ទារក​ និង​កុមារ»​ ​ដែល​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃ​ទី​ ៣​ ឧសភា​ បាន​​ឲ្យ​ដឹង​ថា​បើ​តាម​គោល​នយោបាយ​ថ្នាក់​ជាតិ​គឺ​លើក​ទឹក​ចិត្ត​ឲ្យ​ម្ដាយ​បំបៅ​កូន​ដោយ​ទឹក​ដោះ​​តែ​មួយ​មុខ​ប៉ុណ្ណោះ​​ មិន​ចាំ​បាច់​ត្រូវ​​ប្រើ​ទឹក​ដោះ​គោ​ទេ។

នាយក​រង​អង្គការ​ហេឡែន​ ខេលល័រ​អន្តរ​ជាតិ​ (Helen Keller International)​ រូប​នេះ​បាន​​បញ្ជាក់​ថា ​​​​គោល​នយោបាយ​​ថ្នាក់​ជាតិ​មាន​បី​ចំណុច​​សំខាន់​​សម្រាប់​ម្ដាយ​គ្រប់​រូប។ ទី​ ១ ជំរុញ​ឲ្យ​ម្ដាយ​បំបៅ​កូន​ក្នុង​ម៉ោង​ដំបូង​ក្រោយ​សម្រាល​ភ្លាម។​ ទី ២​ ​​​ត្រូវ​បន្ត​បំបៅ​ទឹក​ដោះ​តែ​មួយ​មុខ​គត់​ដល់​រយៈ​ពេល​៦​ខែ។​ ទី​ ៣​ ​ត្រូវ​បន្ត​បំបៅ​​រហូត​ដល់​អាយុ​២​ឆ្នាំ​ ឬ​លើស​ពី​នេះ។ ​ម្ដាយ​​មិន​ចាំ​បាច់​បន្ថែម​ទឹកដោះគោ​នោះ​ទេ​ព្រោះ​វា​​អាច​ជា​បន្ទុក​ចំណាយ​ច្រើន​ ហើយ​អ្វី​ដែល​សំខាន់​គឺ​​អាច​ប៉ះពាល់​​សុខភាព​ក្មេង​បើ​ទឹកដោះគោ​​មិន​មាន​អនាម័យ​គ្រប់គ្រាន់។​

លោក ហ៊ូ ក្រើន នាយករង​អង្គការ​ហេឡែន ខេលល័រអន្តរជាតិ

លោក​​ ហ៊ូ​ ក្រើន​ ក៏​បាន​អះអាង​បន្ថែម​​ដែរ​ថា​​ សម្រាប់​រយៈ​ពេល​​បំបៅ​កូន​ ជាពិសេស​ក្រោម​៦​ខែ​ ទឹក​ដោះ​ម្ដាយ​គឺ​ប្រៀប​ដូច​ជា​​ឱសថ​ទិព្វ​អញ្ចឹង​។ ម្ដាយ​មិន​ចាំ​បាច់​ត្រូវ​ការ​អ្វី​ទៀត​ទេ ហើយ​​បើ​​ទោះ​បី​​ម្ដាយ​មាន​បញ្ហា​សុខភាព​ខ្លះ​​ក៏​គុណភាព​ទឹកដោះ​មិន​ចុះ​ថយ​ដែរ៕

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen