khenpheakdey@gmail.com

ខ្លោចចិត្ត! ឪពុក​ម្ដាយ​កម្សត់​ត្រូវ​ទ្រាំ​មើល​កូនតូច​​មានជំងឺចុះ​ខ្សោយ​បន្តិច​ម្ដង​ៗ ​ដូច​ទៀន​រៀប​រលត់

  • 2017-06-26 03:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ឪពុក​ម្ដាយ​ផ្សេង​ៗ​ទៀត​ដែរ​ Rachael និង​ Jonathan ​មក​ពី​ទីក្រុង​ Sydney ប្រទេស​អូស្ត្រាលី​ពិត​ជា​​សប្បាយ​ចិត្ត​​ខ្លាំង​នៅ​ពេល​កូន​​ដំបូង​របស់​ខ្លួន​កើត​ចេញ​មក។ Mackenzie Karen គឺ​ជា​ឈ្មោះ​​កូន​ស្រី​ដ៏​ស្រស់​ស្អាត​របស់​​ពួក​គេ​ដែល​មក​ដល់​ពេល​នេះ​គឺ​មាន​អាយុ​ ១៤​ អាទិត្យ​ ហើយ។

ប៉ុន្តែ​ភាព​សប្បាយ​រីករាយ​នេះ​មិន​ស្ថិតស្ថេរ​បាន​យូរ​នោះ​ទេ​បន្ទាប់​ពី Rachael ​ដែល​ត្រូវ​ជា​ម្ដាយ​បាន​រក​ឃើញ​ថា​កូន​ស្រី​របស់​ខ្លួន​មាន​ជំងឺ SMA ប្រភេទ​ ១​ (Spinal Muscular Atrophy Type 1) កាល​ពី​​​ជាង​ពីរ​ខែ​មុន​នេះ។

SMA ប្រភេទ​ ១ នេះ​គឺ​​ជា​ជំងឺ​ដុំ​សាច់​ដំណ​ពូជ​ម្យ៉ាង​ប៉ះពាល់​ដល់​ចលនា​សាច់​ដុំ​របស់​ក្មេង​ ហើយ​មើល​មិន​ជា​នោះ​ទេ។​ វា​គឺ​ជា​ជំងឺ​ដ៏​កាច​សាហាវ​បំផុត​ដែល​តែង​សម្លាប់​កូន​ង៉ែត​ក្រោម​អាយុ​ ២​ ឆ្នាំ​ ជា​ពិសេស​គឺ​នៅ​រយៈ​ពេល​ ១២​ ខែ​ ដំបូង​តែ​ម្ដង។ នេះ​បាន​ន័យ​ថា​ឪពុក​ម្ដាយ​វ័យ​ក្មេង​ទាំង​ពីរ​នេះ​សល់​ពេល​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​​ក្នុង​ការ​ថែរក្សា នឹង​មើល​មុខ​​កូន​ខ្លួន​ដែល​នឹង​​ចុះ​ខ្សោយ​ម្ដង​បន្តិច​ៗ​​ដូច​ទៀន​រៀប​រលត់​អញ្ចឹង។

Rachael វ័យ​ ៣៣​ ឆ្នាំ​ដែល​ជា​ម្ដាយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ពួក​គេ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នឹង​​ចំណាយ​ពេល​ចុង​ក្រោយ​នេះ​ថែរក្សា​កូន​​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត​ដោយ​ផ្ទាល់​ដៃ។

​​​​​​​ «Mackenzie គឺ​ពិត​ជា​ស្រស់​ស្អាត​ណាស់។ នាង​មាន​ភ្នែក​ពណ៌​ខៀវ​ធំ​ៗ​ មិន​ដែល​រក​រឿង​យំ​ច្រើន​​ ហើយ​តែង​តែ​សើច​ជានិច្ច​ពេល​ឃើញ​ឪពុក​ម្ដាយ​នៅ​ក្បែរ។ ប៉ុន្តែ​ ពិភពលោក​ដ៏​រីករាយ​របស់​ខ្ញុំ​ប្រែ​ជា​​ងងឹត​​​ឈឹង​​ពេល​ខ្ញុំ​ទទួល​ព័ត៌មាន​ដ៏​អាក្រក់​នេះ​ពី​គ្រូ​ពេទ្យ» Rachael បញ្ជាក់​ទាំង​អួល​ដើម​ក។

«យើង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ផ្ដល់​ក្តី​ស្រឡាញ់​ដល់ Mackenzie ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​នោះ​ទេ។ ​​​យើង​​​នឹង​ព្យាយាម​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ចង​ចាំ​រូប​នាង​ទុក​​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​​។ យើង​មិន​យំ​នៅ​ចំពោះ​មុខ​នាង​ទេ​​តែ​នឹង​ព្យាយាម​ញញឹម​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​នាង​ញញឹម​ដែរ» Rachael បន្ថែម៕

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen