khenpheakdey@gmail.com

៩​សញ្ញា​​បញ្ជាក់​ថា​អ្នក​ជិត​​ត្រូវ​គេ​ដេញ​​ចោល​ពី​កន្លែង​ធ្វើ​ការ​ហើយ​

  • 2017-10-26 02:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​អាក្រក់​បំផុត​នៅ​ក្នុង​ជីវិត​ការងារ​របស់​​អ្នក​គឺ​អ្នក​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ។​ យ៉ាង​ណា​ក៏​ដោយ​ប្រសិន​បើ​អ្នក​ពូកែ​សង្កេត​អ្នក​អាច​ដឹង​ហេតុ​ការណ៍​នេះ​​ទាន់​ពេល​ ដើម្បី​​ជា​​​តម្រុយ​ថា​តើ​អ្នក​​គួរ​តែ​ធ្វើ​អ្វី​មួយ​ដើម្បី​រក្សា​ការងារ​មួយ​នេះ​ ឫ​ក៏​ត្រូវ​​បោះ​បង់​ចោល​ ដើម្បី​រក​ការងារ​ថ្មី​។​ ខាង​ក្រោម​នេះ​ជា​សញ្ញា​៩​ចំណុច​ដែល​កើត​ឡើង​លើ​អ្នក​ នៅ​ពេល​អ្នក​ជិត​ត្រូវ​បាន​គេ​បណ្ដេញ​​ចេញ​៖​

១. មេ​របស់​អ្នក​ឈប់​និយាយ​រក​អ្នក​

សញ្ញា​ដំបូង​គេ​នោះ​គឺ​ មេ​ដែល​តែង​តែ​ ប្រាប់​អ្នក​​អំពី​ម៉ោង​ប្រជុំ​ ឬ​ក៏​សកម្មភាព​ផ្សេងៗ​ របស់​ក្រុម​ការងារ​ស្រាប់​តែ​លែង​និយាយ​ស្តី​រក​អ្នក​ ហើយ​​ពេល​អ្នក​ចង់​ជួប​កាត់​ គាត់​តែង​តែ​រវល់​​​​ព្រម​ទាំង​គេចវេះ​មិន​ចង់​ជួប​​​។​ វា​បញ្ជាក់​ថា​​ចំពោះ​​រូប​អ្នក​ផ្ទាល់​ និង​​​តំណែង​ដែល​អ្នក​កំពុង​កាន់ ​គាត់​លែង​ត្រូវ​ការ​​​ទៀត​ហើយ​​។​

២. ក្រុមហ៊ុន​អ្នក​​​​ទិញ​បាន​ Software ដែល​អាច​ធ្វើ​ការ​​ជំនួស​អ្នក​បាន​

បច្ចេកវិទ្យា​​កាន់​តែ​​ទំនើប​ ម៉ាស៊ីន​​បាន​ដណ្ដើម​​​ការងារ​មនុស្ស​​កាន់​តែ​ច្រើន​។​ នៅ​​ពេល​ដែល​ក្រុមហ៊ុន​អ្នក​ចាប់​ផ្តើម​ណែនាំ​គ្រឿង​​​ម៉ាស៊ីន ​ឬ​ Software ដែល​អាច​ជំនួស​ការងារ​អ្នក​ អ្នក​ក៏​ត្រូវ​ដឹង​ដែរ​ថា​គេ​កំពុង​កាត់​បន្ថយ​ចំណាយ​ ដូច្នេះ​ប្រាកដ​ជា​មាន​ការ​​ជម្រុះ​បុគ្គលិក​មួយ​ចំនួន​​ធំ​ និង​រក្សា​បុគ្គលិក​ឆ្នើម​មួយ​ចំនួន​​តូច​។​ ប្រសិន​បើ​អ្នក​គិត​ថា​​ សមត្ថភាព​អ្នក​មិន​អាច​ប្រកួត​ប្រជែង​ជា​មួយ​គេ​ទេ​ អ្នក​គួរ​តែ​ស្វែង​រក​ឧកាស​ថ្មី​ជា​បន្ទាន់​។​

៣. អ្នក​ត្រូវ​បាន​គេ​ដក​ចេញ​ពី​ក្រុម​

​មេ​របស់​​អ្នក​ អាច​នឹង​ប្រជុំ​ប្រាប់​ថ្នាក់​លើ​ ​ផ្នែក​ដែល​ពាក់ព័ន្ធ​ ព្រម​ទាំង​បុគ្គលិក​​ក្នុង​ក្រុម​របស់​អ្នក​អំពី​​រឿង​របស់​អ្នក​ ដូច្នេះ​ប្រសិន​ជា​អ្នក​សង្កេត​ឃើញ​ថា​​មិត្ត​រួម​ការងារ​លែង​សូវ​​​​និយាយ​ទាក់​ទង​អ្នក​ ឬ​នៅ​ពេល​គេ​ប្រជុំ​គម្រោង​ថ្មី​ ពួក​គេ​លែង​ប្រាប់​អ្នក​ឲ្យ​ចូល​រួម​ នោះ​ជា​សញ្ញា​យ៉ាង​ច្បាស់​ក្រឡែត​ ថា​ការងារ​អ្នក​នឹង​ត្រូវ​​បាត់​បង់​​ក្នុង​ពេក​ឆាប់ៗ​។​

៤. ក្រុមហ៊ុន​ព្យាយាម​តាម​ចាប់​​កំហុស​របស់​អ្នក​

ដើម្បី​ឲ្យ​ត្រូវ​ជា​មួយ​ច្បាប់​ការងារ​ ផ្នែក​ធនធាន​មនុស្ស​អាច​នឹង​ឲ្យ​មេ​របស់​អ្នក​​ប្រមូល​ និង​​កត់​ត្រា​រាល់​កំហុស​ឆ្គង​ក្នុង​​ការងារ​របស់​អ្នក​​ ដើម្បី​បង្កើត​ជា​ភស្តុតាង​ក្នុង​ការ​បណ្តេញ​ចេញ​​​ដ៏​ត្រឹម​ត្រូវ​ ក្រោម​​ហេតុផល​​​​លទ្ធផល​ការងារ​អ្នក​​មិន​ល្អ​។​

៥. អ្នក​លែង​សូវ​មាន​ការងារ​ធ្វើ​

មេ​របស់​អ្នក​លែង​ទម្លាក់​ការងារ​​ថ្មី​ឲ្យ​អ្នក​ធ្វើ​ ព្រោះ​គេ​មិន​ចង់​ឲ្យ​អ្នក​ថ្មី​ត្រូវ​មក​ទទួល​ការងារ​ពាក់​កណ្តាល​ពី​អ្នក​។ លើស​ពី​នេះ​ទៀត​​សូម្បី​តែ​ការងារ​ដែល​អ្នក​កំពុង​ធ្វើ​​ក៏​គេ​បិត​ផ្លូវ​មិន​ឲ្យ​អ្នក​ធ្វើ​ឲ្យ​បាន​ល្អ​ដែរ​ ព្រោះ​គេ​ទុក​ធ្វើ​​ជា​លេស​ដើម្បី​បញ្ឈប់​អ្នក​ពី​ការងារ​នេះ​។

៦.​ ការ​ធ្វើ​ការ​របស់​អ្នក​ត្រូវ​បាន​​គេ​រិះ​គន់​មិន​ឈប់​

លទ្ធផល​វាយ​តម្លៃ​ការងារ​ប្រចាំ​ឆ្នាំ​​របស់​អ្នក​​ធ្លាក់​ចុះ​។​ មេ​របស់​អ្នក​និយាយ​ថា​ លទ្ធផល​ដែល​អ្នក​សម្រេច​បាន​ក្រោម​អ្វី​ដែល​គាត់​រំពឹង​ទុក។ អ្នក​គ្រប់​គ្រង​ខ្លះ​​អាច​និយាយ​ត្រង់​ៗ​ជា​មួយ​អ្នក​ តែ​អ្នក​ខ្លះ​ទៀត​ព្យាយាម​រិះគន់​​ដើម្បី​ឲ្យ​អ្នក​ដឹង​ខ្លួន​។​

៧. អ្នក​ត្រូវ​បាន​គេ​ប្ដូរ​មុខ​​តំណែង​ពី​​មួយ​ទៅ​មួយ​មិន​ឈប់​

វា​ប្រហែល​ជា​​ឧកាស​ចុង​ក្រោយ​ដែល​មេ​របស់​អ្នក​ចង់​រក្សា​អ្នក​ ព្រោះ​ប្រហែល​គាត់​មើល​ឃើញ​ចំណុច​ល្អ​ណា​មួយ​របស់​អ្នក​។ ប៉ុន្តែ​ប្រសិន​​អ្នក​ប្តូរ​ច្រើន​​តំណែង​​ហើយ​​ គាត់​នៅ​តែ​មិន​ពេញ​ចិត្ត​ទៀត​ មាន​ន័យ​ថា​ចំណុច​ល្អ​ដែល​គាត់​ចង់​រក្សា​ទុក​នោះ​ មិន​អាច​ផ្ដល់​ជា​ប្រយោជន៍​ច្រើន​ដល់​​ក្រុមហ៊ុន​​​ទេ​ ដូច្នេះ​អ្នក​គួរ​ត្រៀម​ខ្លួន​ចាក​ចេញ​ឲ្យ​ហើយ​ទៅ​។

៨. អ្នក​មិន​ត្រូវ​គ្នា​ជាមួយ​មេ​របស់​អ្នក​

មេ​របស់​អ្នក​​បដិសេធ​គំនិត​របស់​អ្នក​ ដោយ​​មិន​ឲ្យ​អ្នក​បក​ស្រាយ​អ្វី​ទាំង​អស់​​​​។​ ជា​ពិសេស​ ប្រសិន​បើ​មេ​របស់​អ្នក​ទើប​ត្រូវ​បាន​​ជ្រើស​តាំង​​ថ្មី​ គាត់​អាច​គិត​ថា​អ្នក​ក្រោម​បង្គាប់​ចាស់ៗ​ អាច​ជា​​​​​ឧបសគ្គ​ ឬ​​ការ​គំរាម​កំហែង​ដល់​តំណែង​របស់​គាត់​។

៩. អ្នក​លែង​ទទួល​បាន​​​ប្រាក់​លើក​ទឹក​ចិត្ត​ ឬ​បាត់​បង់​​​អត្ថប្រយោជន៍​​ដែល​ធ្លាប់​ទទួល​បាន​​

វា​អាច​ជា​គោលការណ៍​​កាត់​បន្ថយ​ចំណាយ​របស់​ក្រុមហ៊ុន​ ដូច្នេះ​​​បុគ្គលិក​ដែល​ធ្វើ​ការ​មិន​សូវ​ល្អ​នឹង​មិន​ទទួល​បាន​​ប្រាក់​រង្វាន់​ផ្សេងៗ​ ព្រម​ទាំង​ប្រឈម​ជាមួយ​ការ​បញ្ឈប់​។​ ប៉ុន្តែ​ប្រសិន​រឿង​នេះ​កើត​ឡើង​ចំពោះ​តែ​​អ្នក​​​​ម្នាក់​ឯង​ ច្បាស់​ណាស់​ថ្នាក់​លើ​របស់​អ្នក​កំពុង​តែ​ឲ្យ​សញ្ញា​អ្នក​ជា​មុន​ហើយ​។​

យ៉ាងណាមិញ​អ្នក​គួរ​តែ​ព្យាយាម​សួរ​​ ឬ​ពិភាក្សា​ជាមួយ​​​ថ្នាក់​លើ​របស់​អ្នក​ផ្ទាល់​អំពី​បញ្ហា​ដែល​អ្នក​​នឹង​ត្រូវ​បញ្ឈប់​ ​ពេល​ខ្លះ​វា​អាច​ស្រោច​ស្រង់​​អ្នក​បាន​មួយ​គ្រា​ តែ​បើ​មិន​បាន​​ទេ​អ្នក​​អាច​ចាត់​ទុក​វា​ជា​ឧកាស​ថ្មី​សម្រាប់​​ការ​រីក​ចម្រើន​​ថ្មី​។​​ រៀប​ចំ​​ប្រវត្តិរូប​សង្ខេប​​​ និង​​ដាក់​ពាក្យ​ទៅ​កន្លែង​​ផ្សេង​ ឧកាស​​ល្អៗ​នៅ​តែ​មាន​ឲ្យ​តែ​អ្នក​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ ៕

ចុចអាន៖

​​

ប្រភព៖ kanha   ប្រែសម្រួល៖ អូន បញ្ញា