សញ្ញាប្លែកៗ ៥យ៉ាងបង្ហាញថាអ្នករកបានការងារដែលត្រូវនឹងខ្លួនឯងបំផុតហើយ
- 2017-12-25 00:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាប្លែកៗ ៥យ៉ាងបង្ហាញថាអ្នករកបានការងារដែលត្រូវនឹងខ្លួនឯងបំផុតហើយ
ចន្លោះមិនឃើញ
កាលពីនៅវ័យសិក្សាមនុស្សម្នាក់ៗតែងតែមានក្ដីស្រមៃរៀងៗខ្លួនអំពីមុខរបរ ឬអាជីពដែលយើងប្រាថ្នាចង់ធ្វើនៅថ្ងៃអនាគត។ ប៉ុន្តែចំណង់ចំណូលចិត្តមនុស្សម្នាក់ៗ អាចប្រែប្រួល ផ្លាស់ប្ដូរ ក្រោយពេលអាយុ និងបទពិសោធន៍ការងារកាន់តែច្រើន ហើយពេលខ្លះវាបានធ្វើឲ្យយើងច្របូកច្របល់ មិនដឹងថាខ្លួនឯងពូកែ ឬក៏ស្រឡាញ់ការងារអ្វីឲ្យប្រាកដ។ ដូច្នេះដើម្បីជាគន្លឹះខ្លះៗ ខាងក្រោមនេះគឺជារឿង៥យ៉ាងដែលកើតឡើង ប្រសិនអ្នករកបានការងារក្នុងក្ដីស្រមៃពិត៖
១. ក្រោកពីព្រលឹម ដើម្បីទៅធ្វើការលឿន
អ្នកតែងតែក្រោកពីព្រលឹម ដើម្បីទៅធ្វើការរហ័ស ទៀងទាត់ពេលវេលា។ នេះក៏ព្រោះតែក្នុងខួក្បាលរបស់អ្នកនឹកគិតដល់កិច្ចការសំខាន់ៗមួយចំនួនដែលអ្នកត្រូវប្រញាប់ធ្វើ ឬបញ្ចប់។ ការរីកចម្រើន និងលទ្ធផលរបស់កិច្ចការ ឬគម្រោងទាំងនេះជះឥទ្ធិពលខ្លាំងចំពោះការផ្ដោតអារម្មណ៍របស់អ្នក។
២. ប្រឹងប្រែងខ្លាំង អស់ពីសមត្ថភាព
នៅពេលអ្នកស្រឡាញ់ការងារអ្វីមួយ អ្នកនឹងប្រឹងប្រែងធ្វើវាអស់ពីសមត្ថភាព។ អ្នកតែងតែ ព្រួយបារម្ភ ខ្វល់ខ្វាយ ប្រុងប្រយ័ត្ន ប្រើអស់កម្លាំងកាយចិត្ត រហូតទទួលបានលទ្ធផលដែលអ្នកចង់បាន ទើបស្ងប់ចិត្ត។
៣. ស្រឡាញ់ថ្ងៃច័ន្ទ
ចិត្តដែលធ្លាប់តែស្អប់យប់ថ្ងៃអាទិត្យ ដែលតែងតែធ្វើឲ្យអ្នកធុញទ្រាន់ដែលត្រូវត្រឡប់ទៅធ្វើការវិញនៅព្រឹកថ្ងៃច័ន្ទ ក៏ស្រាប់តែក្លាយជាធម្មតា អារម្មណ៍មួម៉ៅមិនដឹងរលាយបាត់ពីពេលណា។ គ្មានអ្វីដែលរីករាយជាងការដែលអាចធ្វើការងារដែលខ្លួនស្រឡាញ់ ហើយទទួលបានប្រាក់ខែទៀតនោះទេ។
៤. ចង់ធ្វើការនៅពេលទំនេរ
កាលពីមុនឲ្យតែដល់ម៉ោងមិនទាន់ រៀបចំកាបូបចេញយ៉ាងប្រញាប់ ដល់ឥឡូវបែរជាក្លាយជាបុគ្គលិកគំរូ បូជាខ្លួនដើម្បីការងារ។ អ្នកអាចឆ្លៀតពេលទំនេរ ពេលល្ងាច ឬថ្ងៃចុងសប្តាហ៍ ធ្វើការបន្ថែមនៅផ្ទះទៀតក៏មាន។
៥. ទំនាក់ទំនងល្អជាមួយមិត្តរួមការងារ
ទទួលបានអារម្មណ៍ល្អពីការងារ ធ្វើឲ្យអ្នកស្រស់ស្រាយជារៀងរាល់ថ្ងៃ ដូច្នេះអ្នកនឹងមានទំនាក់ទំនងល្អជាមួយអ្នកធ្វើការជុំវិញផងដែរ។ អ្នកប្រហែលឧស្សាហ៍ញ៉ាំអាហារ ឬចូលរួមពិធីជប់លៀងជាមួយគ្នា។ ភាពចុះសម្រុងរឹតតែខ្លាំង នៅពេលដែលអ្នកនិងពួកគេមានចិត្តស្រឡាញ់ការងារប្រភេទដូចគ្នា ៕