អត់មានបទពិសោធន៍ តើធ្វើបែបណាឲ្យគេទទួលចូលធ្វើការ?
- 2018-01-10 02:04:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់មានបទពិសោធន៍ តើធ្វើបែបណាឲ្យគេទទួលចូលធ្វើការ?
ចន្លោះមិនឃើញ
សម្រាប់អ្នកដែលទើបចេញធ្វើការដំបូង ឬអ្នកចង់ផ្លាស់ប្ដូរខ្លួនឯងមកជំនាញថ្មី អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ធ្លាក់ការសម្ភាសការងារជាច្រើនដងហើយមែនទេ? នេះក៏ព្រោះតែ បទពិសោធន៍ការងារគឺជាតម្រូវការចាំបាច់សម្រាប់តំណែងមួយនោះ ដូច្នេះបេក្ខភាពដែលមានបទពិសោធន៍ស្រាប់ប្រាកដជាក្លាយជាជម្រើសអាទិភាពមិនខាន។ ទោះជាយ៉ាងណា សូមកុំចុះចាញ់ ខាងក្រោមនេះជាតិចនិក៣យ៉ាងដែលអាចជំរុញអ្នកឲ្យទទួលបានជោគជ័យ ទោះបីជាអ្នកគ្មានបទពិសោធន៍ការងារមួយនោះក្ដី៖
១. ដឹងថាខ្លួនពូកែអ្វី និងជឿជាក់លើសមត្ថភាពខ្លួនឯង
ក្រៅពីការរៀបចំខ្លួន ស្លៀកពាក់ បញ្ចេញអាកប្បកិរិយាឲ្យបានសមរម្យ អ្នកត្រូវតែមានជំនឿចិត្តលើខ្លួនឯង។ ចាត់ទុកការសម្ភាសនោះ ដូចជាការជួបមិត្តចាស់។ ទោះបីជាភ័យប៉ុណ្ណា ត្រូវតែគ្រប់គ្រងខ្លួនឯងឲ្យជាប់។ បង្ហាញពួកគេ ពីជំនាញ សមត្ថភាព ភាពខ្លាំង ដែលអ្នកអាចផ្ដល់ឲ្យក្រុមហ៊ុនដោយភាពជឿជាក់បំផុត។
២. ផ្ដោតលើក្រុមហ៊ុន
អ្នកត្រូវស្រាវជ្រាវស្វែងយល់ ស្គាល់ពីក្រុមហ៊ុននោះឲ្យបានច្បាស់ ទាំងក្នុងទាំងក្រៅឲ្យបានល្អិតល្អន់។ រៀបចំប្រវត្តិរូបសង្ខេបជាពិសេសសម្រាប់មុខតំណែងមួយនេះ ហើយជ្រើសរើសបទពិសោធន៍ចាស់ៗដែលទាក់ទងជាមួយការងារថ្មីនេះបានហើយ។ បង្ហាញឲ្យពួកគេឃើញថា មិនត្រឹមតែចង់បាន អ្នកមានការប្ដេជ្ញា ព្រមទាំងឆន្ទៈខ្ពស់ ដើម្បីគ្រងតំណែងនេះដោយជោគជ័យ ទោះមានឧបសគ្គច្រើនប៉ុណ្ណាក៏ដោយ។
៣. ចេះបត់បែន ឆ្លាតក្នុងការដោះស្រាយបញ្ហា
ការងារណាក៏តែងតែជួបរឿងស្មុគស្មាញ ធ្វើឲ្យអ្នកធុញថប់ដែរ។ ដូច្នេះត្រូវត្រៀមខ្លួន បើក្នុងកិច្ចសម្ភាសអ្នកត្រូវបានគេចោទសួរសំនួរពិបាកៗ ត្រូវឆ្លាតក្នុងការឆ្លើយ ដោយរក្សាគំនិតវិជ្ជមានជានិច្ច។ ក្រុមហ៊ុនទាំងឡាយ តែងតែត្រូវការបុគ្គលិកដែលចេះលើកទឹកចិត្តខ្លួនឯង ចេះបត់បែន ឆ្លាតក្នុងការដោះស្រាយបញ្ហា ដែលជាធនធានមនុស្សដ៏ប្រសើរសម្រាប់ខ្លួន ៕
អានបន្ថែម៖ ៦តិកនិចរកការងារធ្វើបានឆាប់ដូចចិត្ត ពិសេសសម្រាប់អ្នកគ្មានបទពិសោធន៍