៦តិចនិកកម្ចាត់ក្លិនក្លៀក ក្លិនខ្លួនអាក្រក់ កុំឲ្យខ្មាសគេ និងគ្មានភាពជឿជាក់តទៅទៀត
- 2018-01-13 09:32:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦តិចនិកកម្ចាត់ក្លិនក្លៀក ក្លិនខ្លួនអាក្រក់ កុំឲ្យខ្មាសគេ និងគ្មានភាពជឿជាក់តទៅទៀត
ចន្លោះមិនឃើញ
ធ្លាប់អត់ នៅពេលឈរក្នុងហ្វូងមនុស្សច្រើន ហើយក៏ធំក្លិនខ្លួន ក្លិនញើសពីអ្នកនៅជុំវិញ ស្ទើរតែខ្យល់ចាប់ ហើយក៏មិនចង់ចូលជិតពួកគេតទៅទៀត ហើយពេលបញ្ហានេះកើតឡើងលើខ្លួនឯង ក៏មានអារម្មណ៍ភ័យខ្លាច មិនហ៊ានចូលជិតអ្នកដទៃដែរ។ រឿងក្លិនខ្លួននេះ មូលហេតុធំនេះគឺដោយសារញើស កម្ដៅថ្ងៃ ភ្លៀង ខ្យល់ និងជាតិពុលនានា ដែលនៅជាប់ខោអាវ និងតួខ្លួនរបស់យើង ទាំងនៅក្លៀក គុម្ពត្រចៀក តាម ក... ជាពិសេសបើនៅកណ្ដាលថ្ងៃក្ដៅទៀត ញើសប្រាកដជាហូរគ្រប់ពេល និងនាំមកជាមួយនូវក្លិនដ៏អាក្រក់។ ប៉ុន្តែបញ្ហាក្លិនខ្លួននេះ នឹងអាចបំបាត់បាន តាមវិធី ៦យ៉ាងខាងក្រោមនេះ៖
១. ងូតទឹក
នៅពេលបែកញើស មានក្លិនញើស រឿងដំបូងដែលគួរធ្វើនោះគឺគួរងូតទឹកជម្រះកាយឲ្យស្អាត ដើម្បីលាងសម្អាតមេរោគ និងបាក់តេរីលើរាងកាយឲ្យអស់ ដោយការប្រើសាប៊ូងូតទឹក ឬសាប៊ូដុំដែលមានក្លិនក្រអូបដែលអាចកម្ចាត់បាក់តេរីដោយផ្ទាល់។ ក្រោយងូតទឹកហើយ គួរជូតខ្លួនឲ្យស្អាត ហើយចាំស្លៀកសម្លៀកបំពាក់ដែលស្រាលស្រួលខ្លួន។
២. សម្លៀកបំពាក់ត្រូវស្អាត
សម្លៀកបំពាក់ដែលយើងត្រូវស្លៀកពាក់រាល់ថ្ងៃ ត្រូវបោក និងសម្អាតជាប្រចាំ និងគួរជ្រើសរើសប្រើទឹកក្រអូបដើម្បីឲ្យសម្លៀកបំពាក់ទន់ ហើយក្រអូប។ ជាពិសេសត្រូវជ្រើសរើសសម្លៀកបំពាក់ណាដែលជ្រាបញើសបានល្អ និងឆាប់ស្ងួត បើអ្នកមានបញ្ហាបែបនេះ។
៣. ចៀសវាងអាហារដែលមានក្លិនខ្លាំង
អាហារដែលគួរចៀសវាងនោះរួមមាន ម្សៅការី ខ្ទឹមស ស្អំ កន្ធំថេត ទុរេន រួមទាំង ស៊ុត សូកូឡានិងភេសជ្ជៈនានាដែលមានជាតិអាល់កុល ព្រោះអាហារទាំងអស់នេះសុទ្ធតែអាចនាំឲ្យកើតក្លិនមិនល្អ។
៤. បាញ់ទឹកអប់បំបាត់ក្លិន
ការបាញ់ទឹកអប់អាចជួយបំបាត់ក្លិនបានល្អ ប៉ុន្តែការជ្រើសរើសទឹកអប់ គួរជ្រើសយកក្លិនស្រាលៗល្មម ដូចជាក្លិនផ្កា ក្លិនរុក្ខជាតិ ឬតែបៃតង ដែលជាក្លិនធម្មជាតិបំផុត។
៥. គ្រប់គ្រងរបបអាហារ
ការគ្រប់គ្រងរបបអាហារកុំឲ្យឡើងទម្ងន់ខ្លាំងពេកអាចជួយបំបាត់ក្លិនខ្លួនបាន ព្រោះថាបើទម្ងន់យើងកាន់តែច្រើន រាងកាយយើងនឹងកាន់តែក្ដៅ ឆាប់ហត់នឿយ និងស្អិតខ្លួន។
៦. ប្រើសារធាតុបន្ថយក្លិន
សារធាតុកាត់បន្ថយញើស ឬបន្ថយក្លិនទីនេះគឺសំដៅលើ សារធាតុគីមីដែលធ្វើឲ្យក្រពេញញើសធ្វើការតិចជាងមុន ញើសតិចជាងមុន ដោយវិធីនេះមនុស្សភាគច្រើននិយមប្រើ រ៉ូលអន ឬស្ប្រ៉ាយ ដើម្បីបំបាត់ក្លិនរាងកាយ ៕