khenpheakdey@gmail.com

ចេះ​​រៀបចំ​ពេល​វេលា​បាន​ដូច​នេះ ២៤​ម៉ោង​ដឹង​តែ​មិន​ចេះ​ស្ត្រេស​ និង​អស់​កម្លាំង​ម៉ង​

  • 2018-01-25 03:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អារម្មណ៍​ហត់​នឿយ​ព្រោះ​ការងារ​ ភាព​តានតឹង​នឹង​បញ្ហា​ផ្សេងៗ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​ ជា​ពិសេស​នារីៗ​មាន​សុខភាព​មិន​សូវ​រឹង​មាំ​។ កត្តា​ទាំង​នេះ​បណ្ដាល​មក​ពី​ការ​មិន​បាន​គ្រប់​គ្រង​ពេល​វេលា និង​បែង​ចែក​វា​ឱ្យ​ច្បាស់​លាស់​ ទើប​រយៈ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ អ្នក​ទទួល​អារម្មណ៍​ថា​អស់​កម្លាំង និង​មិន​បាន​សម្រាក​ទាល់​តែ​សោះ​។ ថ្ងៃ​នេះ​ កញ្ញា​សូម​ណែ​នាំ​វិធី​សាមញ្ញ​ៗ​មួយ​ចំនួន​ដែល​ជួយ​ឱ្យ​មិត្ត​នារី​យើង​មាន​អារម្មណ៍​ធូរ​ស្បើយ​ពី​ភាព​ខ្វល់ខ្វាយ និង​ភាព​ស្មុគស្មាញ​ដែល​ធ្លាប់​តែ​កើត​មាន​។

ម៉ោង​៦​ព្រឹក​៖ ក្រោក​ពី​គេង

យោង​តាម​គ្រូពេទ្យ​ជំនាញ​ដែល​តែង​ឱ្យ​ដំបូន្មាន​ថា ពេល​វេលា​ម៉ោង​៦​ព្រឹក​គឺ​ជា​ពេល​ល្អ​បំផុត​សម្រាប់​ក្រោក​ពី​ដំណេក​ ដើម្បី​ស្រូប​យក​កម្ដៅ​ព្រះ​អាទិត្យ​ និង​ទទួល​ថាមពល​សម្រាប់​ថ្ងៃ​ថ្មី​។ ពន្លឺ​ថ្ងៃ​នា​ពេល​ព្រឹក​ព្រលឹម​នេះ​អាច​ជួយ​ឱ្យ​សុខភាព​អ្នក​រឹងមាំ​ និង​ស្រស់​ស្រាយ​ផ្នែក​អារម្មណ៍។

ម៉ោង​៦​កន្លះ​ព្រឹក៖ ហាត់​ប្រាណ

ការ​បញ្ចេញ​សកម្មភាព​ខ្លះ​ដើម្បី​ឱ្យ​បែក​ញើស​ក្នុង​វេលា​នេះ​គឺ​មាន​ប្រយោជន៍​ណាស់​ ដូច​ជា​ការ​ធ្វើ Yoga ការ​រត់​តិចៗ​ ឬ​លើក​ដៃ​លើក​ជើង​ឱ្យ​​សរសៃសសូង​ដំណើរ​ការ​បាន​ស្រួល​។ ហើយ​បន្ទាប់​ពី​ហាត់​ប្រាណ​រួច អ្នក​​គួរ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ដោយ​បន្ថែម​ជាមួយ​យ៉ាអួ ឬ​ស៊ុត​ស្ងោរ​មួយ​គ្រាប់។

​ម៉ោង​៧​​ព្រឹក៖ ចេញ​ដំណើរ​មក​ធ្វើ​ការ

បើ​អ្នក​ធ្វើ​ដំណើរ​ដោយ​យាន​ជំនិះ​ផ្ទាល់​ខ្លួន អ្នក​អាច​បើក​តាម​សម្រួល ជាជាង​បង្ខំ​ហើយ​មួម៉ៅ​ជាមួយ​ការ​ស្ទះ​ចរាចរណ៍ ព្រោះ​ការ​ខឹង​សម្បារ​មិន​អាច​ធ្វើ​ឱ្យ​ចរាចរណ៍​លែង​ស្ទះ តែ​វា​បែរ​ជា​ធ្វើ​ឱ្យ​ទ្រូង​របស់​អ្នក​កាន់​តែ​ស្ទះ​ខ្លាំង​ទៅ​វិញ​ទេ។ ចំណែក​អ្នក​ដែល​ជិះ​ឡាន​ក្រុង ឬ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​អាច​ឆ្លៀត​ពេល​អាន​ព័ត៌មាន​ពេល​ព្រឹក ឬ​អាន​កាសែត​លំហែ​ខួរ​ក្បាល​បាន។ ប៉ុន្តែ​បើ​អ្នក​ត្រូវ​ជិះ​តាម​បណ្ដោយ​ផ្លូវ​ដែល​មាន​ចរាចរណ៍​កក​កុញ​ខ្លាំង​ គួរ​ជ្រើស​រើស​ពេល​ព្រលឹម​ជាង​នេះ​ដើម្បី​ធ្វើ​ដំណើរ ជាជាង​ចេញ​ពី​ផ្ទះ​យឺត​ចំ​តែ​ម៉ោង​កក​ស្ទះ​ ហើយ​ទៅ​ធ្វើ​ការ​មិន​ទាន់​ម៉ោង។

ម៉ោង​៩​ព្រឹក៖ ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​តែ​លើ​ការងារ

ម៉ោង​នេះ​ជា​ពេល​ល្អ​ក្នុង​ការ​បំពេញ​ការងារ​ ព្រោះ​ខួរ​ក្បាល​របស់​អ្នក​អាច​មាន​ភាព​ច្នៃប្រឌិត​ច្រើន និង​មាន​កម្លាំង​ធ្វើ​ការ​ក្រោយ​ពី​ទទួល​បាន​ជីវជាតិ​នៃ​អាហារ​ពេល​ព្រឹក​។ ដូច្នេះ គួរ​ឈប់​អូស​ចុះ​ឡើង​លើ​បណ្ដាញ​សង្គម​ ឬ​លេង​សារ ឬ​ជជែក​លេង​ឥត​ប្រយោជន៍​ជាមួយ​មិត្ត​ភ័ក្ដិ​សិន​ ហើយ​មក​ផ្ដោត​អារម្មណ៍​លើ​ការងារ​វិញ។

ម៉ោង​១២​ថ្ងៃ​​៖ ញ៉ាំ​អាហារ​​ថ្ងៃ​ត្រង់​

​​ដល់​ពេល​វេលា​ដែល​ត្រូវ​សម្រាក​និង​បញ្ចូល​កម្លាំង​ធាតុ​ដល់​រាងកាយ​របស់​អ្ន​កហើយ​។ បើ​អ្នក​មាន​ពេល​វេលា​ច្រើន គួរ​ចំណាយ​ពេល​៥​នាទី​ពត់​ពែន​ខ្លួន ឬ​លើក​ដៃ​លើក​ជើង​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​និង​ស្ពឹក​ស្រពន់​ព្រោះ​ការ​អង្គុយ​ធ្វើ​ការ​ពេញ​មួយ​ព្រឹក។ គួរ​ជ្រើស​រើស​អាហារ​ណា​ដែល​មាន​ជីវជាតិ​ល្អ​សម្រាប់​រាងកាយ ព្រោះ​អ្នក​នឹង​ត្រូវ​ចំណាយ​កម្លាំង​ធ្វើ​ការ​មួយ​កំណាត់​ថ្ងៃ​ទៀត។

ម៉ោង​៣​រសៀល៖ ជម្នះ​ភាព​ងោកងុយ

បន្ទាប់​ពី​បាយ​ថ្ងៃ​រួច ពេល​រសៀល​គឺ​ជា​ដែល​ត្រូវ​ប្រឈម​នឹង​អារម្មណ៍​ងងុយ​គេង​។ ដូច្នេះ​ដើម្បី​ជម្នះ​នូវ​អារម្មណ៍​ងោក​ងុយ​នេះ​អ្នក​អាច​សម្រាក​ដោយ​បិទ​ភ្នែក​ពីរ​បី​នាទី ដោយ​ដើរ​ទៅ​បន្ទប់​ទឹក ឬ​ជជែក​លេង​ជាមួយ​​មិត្ត​ភក្ដិ​មួយ​សន្ទុះ​ ជាជាង​ការ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដើម្បី​បំបាត់​ភាព​ងងុយ​គេង។ ​​

ម៉ោង​៦​ល្ងាច៖ បញ្ចប់​ការងារ​ឱ្យ​រួច​រាល់

​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ រាង​កាយ​អ្ន​កច្បាស់​ជា​ហត់​ហេវ ត្រូវ​ការ​ការ​សម្រាក​ជា​ចាំ​បាច់។ ដូច្នេះ​គួរ​បញ្ចប់​ការងារ​ឱ្យ​បាន​រួច​រាល់ ហើយ​ក្រោក​ចេញ​មក​ផ្ទះ​ជាមួយ​អារម្មណ៍​ជ្រះ​ស្រឡះ ជាជាង​នៅ​ដិត​ដាម​នឹង​ការងារ​ដែល​នៅ​គរ​ដូច​ភ្នំ។

ម៉ោង​៧​ល្ងាច៖ ញ៉ាំ​អាហារ​ពេល​ល្ងាច

គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​យឺត​គឺ​មិន​ល្អ​សម្រាប់​សុខភាព​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​នៅ​តែ​មិន​យក​ចិត្ត​ទុកដាក់​។ រយៈ​ពេល​ល្អ​បំផុត​សម្រាប់​អាហារ​ពេល​ល្ងាច គឺ​៣​ម៉ោង​មុន​ចូ​លគេង ដើម្បី​ឱ្យ​ក្រពះ​បាន​រំលាយ​អាហារ​បាន​ល្អ។ បើ​អ្នក​ចង់​ឱ្យ​គេង​បាន​លក់​ស្រួល​ពេញ​មួយ​យប់ គួរ​ជ្រើស​យក​អាហារ​ប្រភេទ​សាច់​ត្រី នំប៉័ង​ស្រូវ​សាឡី យាអួរ ឬ​ផ្លែ​ចេក​។

ម៉ោង​៩​យប់៖ សម្រាក​

ពេល​វេលា​នេះ​ រាងកាយ​របស់​អ្នក​ត្រូវ​ការ​ការ​សម្រាក លំហែ ដូច្នេះ​អ្នក​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ ឬ​ផឹក​តែ​ក្ដៅៗ​មួយ​ពែង​ដើម្បី​ជួយ​សម្រួល​ការ​គេង​បាន​ទៀត​ផង។ ពេល​នេះ​ដែរ អ្នក​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​អេឡិចត្រូនិក​នានា ដូច​ជា​ទូរសព្ទ ឬ​ទូរទស្សន៍​ជា​ដើម​។ ជំនួស​មក​វិញ អ្នក​អាច​អាន​សៀវភៅ ព្រោះ​វា​ជួយ​ឱ្យ​រាងកាយ​អ្នក​សម្រាក​បាន​ស្ងប់​ពេញ​មួយ​យប់។

ម៉ោង​១០​យប់៖ ចូល​គេង

ដល់​ម៉ោង​ចូល​គេង អ្នក​គួរ​តែ​សម្ងំ​គេង ជា​ជាង​ធ្វើ​នេះ​ធ្វើ​នោះ​។ ប៉ុន្តែ​ទោះ​បី​អ្នក​ព្យាយាម​គេង​យ៉ាង​ណា បើ​បន្ទប់​គេង​រញ៉េរញ៉ៃ​ ឬ​មាន​ក្លិន​មិន​ល្អ​ ក៏​អាច​រំខាន​ដល់​ដំណេក​បាន​ទៀត​ផង។ អ្នក​គួរ​រៀប​ចំ​បន្ទប់​ឱ្យ​មាន​សណ្ដាប់​ធ្នាប់ ដាក់​ផ្កា​ក្រអូប​ៗ​ក្នុង​នោះ​ ហើយ​ដាក់​អំពូល​ដែល​មាន​ពន្លឺ​ស្រទន់​ៗ​ និង​បើក​ចម្រៀង​រងំ​ៗ​ដើម្បី​ឱ្យ​ការ​គេង​លក់​កាន់​តែ​ស្រួល៕

ចុចអាន៖

ប្រភព៖ kanha   ប្រែ​សម្រួល៖ pkhen